Friday, June 30, 2017

មន្រ្តីសិទ្ធិមនុស្សទាំង ៥រូបត្រូវបានដោះលែងអោយនៅក្រៅឃុំ

ម្សិលម៉ិញជាព្រឹត្តិការណ៍ដែលមានការចាប់អារម្មណ៍ពីមហាជន ជាពិសេសគឺក្រុមអ្នកតាមដានបញ្ហាសង្គមនិងនយោបាយ វាគឺជាទិដ្ឋភាពមួយកម្រជួប ស្ងាត់ៗស្រាប់តែចៅក្រមស៊ើបសួរបានចេញដីការអោយដោះលែងមន្រ្តីសិទ្ធិមនុស្សនិងមន្រ្តីគជបទាំង៥រូបដែលជាប់គុកជាងមួយឆ្នាំមុន។ ខ្ញុំបាន
ចោទសំនួរមួយ ហេតុអ្វីតុលាការដោះលែងពេលដែលសភាពការណ៍ស្ងប់ស្ងាត់ជាងមុន? និយាយ
អោយចំគឺថាមួយរយពេលចុងក្រោយនេះយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅក្តី ការតវ៉ាដីធ្លីផ្សេងៗក្តី
ហាក់ស្ងប់ស្ងាត់ ព្រឹត្តិការណ៍ថ្ងៃចន្ទពណ៌ខ្មៅត្រូវបានធ្វើដោយសង្គមស៊ីវិល និងប្រជាពលរដ្ឋតាម
សហគមន៍រងគ្រោះដីធ្លីនានាជាច្រើនសប្តាហ៍មកហើយដើម្បីស្នើអោយមានការដោះលែង
អ្នកជាប់ឃុំទាំង៥។ ពិតណាស់រដ្ឋាភិបាលដោះលែងដោយសារតែមានសេណារីយ៉ូ៣សំខាន់ៗ
ដែលមិនអាចប្រកែកបាន។

ទី១ គឺ ថ្មីៗនេះមានការជួបពិភាក្សាគ្នារវាងលោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន និងអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា។ ទោះយ៉ាងណា ក្រោយការពិភាក្សានោះ
គេឃើញឥរិយាបថផ្លាស់ប្តូរខ្លះគួរកត់សម្គាល់ ហើយរលកវិជ្ជមាននេះវាហាក់បានបោកបក់
មហាសាគរនយោបាយតាំងពីពេលនោះមកថាការដោះលែងទំនងជាអាចទៅរួច។

ទី២ បើរដ្ឋាភិបាលធ្វើការដោះលែងដោយប្រើឆន្ទ៖នយោបាយនាពេលនេះមិនខាតទេ ប្រាកដណាស់មិនខាតឬមែនទែនទៅខាតតិចតែចំនេញច្រើន ព្រោះអ្វី? ព្រោះសភាពការណ៍ស្ងប់ស្ងាត់ស្រាប់តែខ្លួន
ដោះលែងជនជាប់ឃុំដែលអាចធ្វើអោយមើលឃើញថាមិនមែនសម្ពាធសង្គមស៊ីវិលឬមហាជន
ទេដែលធ្វើអោយរដ្ឋាភិបាលបន្ទន់ឥរិយាបថ តែគឺរដ្ឋាភិបាលចង់ធ្វើ នេះក៏ជាសារព្រមានទៅ
អ្នកទាំងនោះផងថាតទៅ កុំប្រើរូបភាពតវ៉ាប្រឆាំង ឬយុទ្ធនាការក្តៅទៀតឡើយ វាមិនបាន
ការទេ រដ្ឋាភិបាលអាចដោះលែងបើមិនមានសកម្មភាពទាំងនោះ។​

ទី៣ គឺការមិនចង់ឃើញការប្រើប្រាស់រូបភាពថ្ងៃចន្ទពណ៌ខ្មៅម្តងហើយម្តងទៀតដែលជាប្រផ្នូល
មិនល្អមួយសម្រាប់រដ្ឋាភិបាលកំពុងកាន់អំណាច។ ទោះបីនេះមិនអាចជាបដិវត្តន៍ពណ៌ដូច
ការថែមល្បោយរបស់រដ្ឋាភិបាល តែវាជារលកសញ្ញាមួយតូចដែលអវិជ្ជមានណាស់ក្នុងភ្នែក
បក្សកាន់អំណាច។ សូមកុំភ្លេចថាពេលខ្លះផ្កាភ្លើងតូចមួយក៏អាចបង្កើតទៅជាភ្លើងឆេះដង្គុំ
ដង្គោលដុតវាលស្មៅបក្សកាន់អំណាចបានដែរតាមរយការធ្វើអោយមហាជនមើលឃើញភាព
អាក្រក់ឡើងៗនៃរដ្ឋាភិបាលដែលកំពុងក្តាប់ក្នុងដៃនូវប្រព័ន្ធផ្សព្វផ្សាយស្ទើរតែទាំងអស់ក្នុង
ប្រទេសនេះ។

បើពិនិត្យមើលលទ្ធផលនេះ ទោះបីជាការដោះលែងធ្វើឡើងក្នុងខណពេលដែលមានភាពស្ងប់
ស្ងាត់ក្តី តែគេមិនអាចបដិសេធបានទេថារលកកម្តៅដែលឆេះដង្គុំដង្គោលតាំងពីមុននោះ
បានរួមចំណែកក្នុងការធ្វើអោយមានការផ្សះផ្សាមួយតាមផ្លូវនយោបាយ គ្រាន់តែពេលនោះ
ដើមឈើមួយដើមវាមិនទាន់ដល់ពេលបញ្ចេញផ្កានិងផ្លែតែប៉ុណ្ណោះ។

សង្ខេបឡើងវិញ ការដោះលែងនេះគេអាចមើលឃើញតាមរយបញ្ហាបីដែលកើតឡើង គឺការ
ទាមទាររបស់សង្គមស៊ីវិលនិងសហគមន៍រងគ្រោះដីធ្លីផង ការចរចារបស់ទូតអាមេរិកផង
និងការមិនចង់ឃើញការរិះគន់វែងឆ្ងាយរបស់មហាជនទៅលើការប្រើប្រាស់សំណុំរឿងមួយ
ដែលរដ្ឋាភិបាលកំពុងតែតុបតែងសេណារីយ៉ូដើម្បីបន្ថែមទម្ងន់ទោសទៅជនរងគ្រោះទាំង
នោះ។

No comments:

Post a Comment