Thursday, June 22, 2017

អ្នកជាពន្លឺក្នុងទីងងឹត

ពាក្យអូនបងនៅតែលាន់ឮរងុំ សំលេងដែលបងចង់ស្តាប់និងមិនចង់អោយបាត់បង់។ អ្នកប្រៀបដូចខ្យល់ដែលរសាត់មកប៉ះខ្លួនខ្ញុំតែខ្ញុំមិនអាចចាប់យកឬឃាត់ទុកបាន។ នឹកអ្នកម្តងៗខ្ញុំបានត្រឹមស្រមៃៗអង្អែលថ្នមថ្នាក់ដោយក្តីស្នេហាដ៏ជ្រាលជ្រៅ។ ខ្ញុំមិនដឹងថាខ្ញុំស្រលាញ់អ្នកតាំងពីពេលណា? និងព្រោះហេតុអ្វី? គឺពេលវេលាបានរុញអោយយើងជួបគ្នាហើយនាំអោយយើងទាំងពីរស្រលាញ់គ្នា ទេមិនមែនយើងស្រលាញ់គ្នាទេ គឺខ្ញុំតែម្នាក់ឯងដែលស្រលាញ់អ្នក។ ជ្រុលស្រលាញ់ម្លឹងហើយ ដកចិត្តវិញមិនរួចទេ។ តើអាចទេដើរកាន់ដៃគ្នា គយគន់ថ្ងៃលិច​ស្តាប់សូររលកបោកបក់ប៉ះថ្មនិងមើលទូកនេសាទដែលកំពុងអណ្តែតចូលទៅក្នុងលំហសមុទ្រ?

ពេលនឹកអ្នកម្តងៗ ខ្ញុំសែនអស់សង្ឃឹមទោះបីក្តីស្នេហារបស់ខ្ញុំចំពោះអ្នកវាជាកម្លាំងរុញច្រានក្តីសង្ឃឹម
អោយដើរទៅរកការពិតក៏ដោយ។ ខ្ញុំចង់មានវិញ្ញាណចម្លែកមួយអាចមើលធ្លុះចិត្តរបស់អ្នក ដើម្បី
ដឹងថាតើអ្នកកំពុងគិតពីខ្ញុំដូចខ្ញុំកំពុងគិតពីអ្នកដែរ។ ខ្ញុំមានអារម្មណ៍ថាពេលនេះខ្ញុំកំពុង
និយាយទៅកាន់ដួងច័ន្ទដែលរះក្នុងលំហមេឃាសែនធំចោមរោមដោយដួងតារាច្រើនឥតគណនា។
សូមទោសផងបើខ្ញុំយល់ច្រឡំ សុំទោសផងបើការស្រលាញ់មួយនេះមិនសក្តិសមសម្រាប់អ្នក តែខ្ញុំ
បានតាំងចិត្តថានឹងប្រគល់ក្តីស្រលាញ់ដ៏បរិសុទ្ធិនេះជូនអ្នកតែម្នាក់គត់។

No comments:

Post a Comment