រឿងខ្លីពេញដោយអត្ថន័យអប់រំ រឿងអាឡឺម៉ង់ “ ស្តេចកម្ជិល ”
រឿងនេះផ្តើមចេញពីក្សត្រមួយអង្គ នៅក្នុងនគរមួយ ដែលមានប្រពៃណីរបស់ស្តេច គឺត្រូវចេញមក ជួបតំណាងរាស្ត្រទូទាំងខេត្តក្រុងក្នុងមួយឆ្នាំម្តងរយៈពេលបីថ្ងៃ ដើម្បីនិយាយពីកិច្ចការប្រទេសជាតិ។ ដល់ពេលវេលា មកដល់ស្តេចនោះ ក៏ចេញមកជួបតំណាងរាស្រ្តតាមទម្លាប់ដូចរាល់ដង។ ប្រជារាស្រ្តនាំគ្នាអង្គុយចាំ ស្តេច ក្រោមដើមឈើ ក្បែរប៉មសម្រាប់ស្តេចជួបរាស្ត្រ។ ពេលស្តេចចេញមកឈរនៅមាត់ប៉ម សម្លឹង ទៅតំណាងរាស្ត្រទាំងឡាយ ហើយសួរថា តើអ្នកទាំងអស់គ្នាដឹងទេថា តើនៅថ្ងៃនេះ យើងប្រជុំពីអ្វីទេ? រំពេចនោះមានតំណាងរាស្រ្តម្នាក់ឆ្លើយថា ពួកយើងមិនដឹងថា ព្រះអង្គនិយាយពីប្រធាបទអ្វីទេ! ស្តេចតបថា បើអ្នកទាំងអស់គ្នាមិនដឹង ប្រជុំពីអ្វីផង! អញ្ចឹងយើងជួបគ្នាប៉ុណ្ណឹងចុះ ចាំស្អែកប្រជុំបន្ត។ ស្អែកមកដល់ ស្តេចសួរសំណួរដដែល! ពេលនោះដែរ មានតំណាងរាស្ត្រម្នាក់ទៀត ឆ្លើយថា ពួកយើងដឹងពីអ្វីដែលព្រះអង្គនឹងប្រជុំនៅថ្ងៃនេះ។ ស្តេចក៏តបទៅថា ល្អបើអ្នកទាំងអស់គ្នាដឹងហើយ យើងប្រជុំប៉ុណ្ណឹងចុះ! តំណាងរាស្ត្រទាំងអស់បាន
ប្រជុំគ្នារកអ្នកប្រាជ្ញា សម្រាប់ឆ្លើយសំណួរស្តេចនៅថ្ងៃបញ្ចប់ ដោយរើសបានមនុស្សចាស់ទុំម្នាក់។ ថ្ងៃបញ្ចប់មកដល់ស្តេចសួរសំណួរដដែល! អ្នកប្រាជ្ញចាស់ទុំរូបនោះឆ្លើយថា ក្នុងចំណោមពួកយើង មានអ្នកខ្លះដឹង និងអ្នកខ្លះទៀតមិនដឹង! ស្តេចកម្ចិលឆ្លើយថា បើអញ្ចឹងអ្នកដឹងត្រូវបង្រៀនអ្នកមិនដឹង ចំណែកអ្នកមិនដឹងត្រូវសួរអ្នកដឹង ជាការស្រេច! ឆ្លើយចប់ស្តេចបិទការប្រជុំ៕
No comments:
Post a Comment