Wednesday, June 14, 2017

លាហើយអាគារប៊ូឌីង


អាគារប៊ូឌីងដែលមានអាយុកាលច្រើនមួយនេះ និងបាត់រូបរាងពីទីក្រុងភ្នំពេញនាពេលដ៏ខ្លីខាងមុខ។   ក្រុមហ៊ុនជប៉ុនដែលទទួលបានសិទ្ធិអភិវឌ្ឍពីរាជរដ្ឋាភិបាលកម្ពុជានឹងវាយកំទេចចោលអាគារដ៏ចំណាស់មួយនេះដើម្បីសាងសង់អាគារពាណិជ្ជកម្មថ្មីដែលមានកម្ពស់២១ជាន់ នាចុងឆ្នាំ២០១៧នេះ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទុកពេលអោយប្រជាពលរដ្ឋជាងមួយខែ ដោយគិតចាប់ពីថ្ងៃទី ៦ ខែមិថុនា​ ដល់​ពាក់កណ្ដាល់ខែ កក្កដា ដើម្បីធ្វើការរុះរើចេញពីលំនៅឋានរបស់ខ្លួន។ ក្រុមហ៊ុនក៏បានផ្ដល់លុយបន្ថែមចំនួន១០០ ដុល្លា សម្រាប់ថ្លៃដឹកជញ្ជូនទ្រព្យសម្បត្តិចេញពីអាគារនេះ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារបានចាប់ផ្ដើមរើអ៊ីវ៉ាន់ចេញជាបន្តបន្ទាប់ពីអាគារដែលពួកគេធ្លាប់រស់នៅជាយូរមកហើយ ក្រោយពីសំរេចចិត្តលក់អោយក្រុមហ៊ុនវិនិយោគជប៉ុនមួយ ឈ្មោះអារ៉ាកាវ៉ា ក្នុងទឹកប្រាក់ ១.៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ផ្ទះរបស់ពួកគាត់។
អ្នករស់នៅអាគារប៊ូឌីង៣៨ឆ្នាំមកហើយលោក នាង ខេវិច បានរៀបរាប់ទាំងទឹកមុខក្រៀមក្រំថា៖ «ខ្ញុំពិតជាមានអារម្មណ៍ក្ដុកក្ដួលស្រណោះអាល័យជាខ្លាំងបន្ទាប់ពីទទួលដំណឹងថា ខ្ញុំត្រូវចាកចេញពីផ្ទះដែលធ្លាប់រស់នៅជាង៣០ឆ្នាំ ទៅកន្លែងថ្មី។ ថ្ងៃនេះយើងចាកចេញពីផ្ទះរបស់យើងដែលស្ថិតនៅក្នុងអាគារចំណាស់ ជាមួយនឹងបង្វេចសម្លៀកបំពាក់ កៅអី តុ ទូរទស្សន៍ និងសម្ភារៈមួយចំនួនទៀត។ មុនគ្រួសារខ្ញុំឡើងលើរឺម៉កកង់បី​ ប្អូនស្រីខ្ញុំបានចង្អុលទៅកាន់អាគារចំណាស់នោះដែលគេគ្រប់គ្នាស្គាល់ថាជាអាគារប៊ូឌីង ដោយស្រែកថា «នោះជាផ្ទះរបស់យើង» យើងទាំងអស់បង្ហាញទឹកមុខក្រៀមក្រំសោកស្ដាយ ភ្លាមនោះម្ដាយរបស់ខ្ញុំបង្ហូរទឹកភ្នែក»។ អារម្មណ៍បែបនេះមិនមែនមា នតែសម្រាប់ក្រុមគ្រួសារលោក នាង ខេវិច ទេ វាទំនងជាកើត ឡើងចំពោះប្រជាពលរដ្ឋដែលកំពុងរស់នៅទីនេះជាច្រើនផ្សេងទៀតផងដែរ។
លោក ម៉ៅ វាសនា កំពុងសិក្សាថ្នាក់អនុបណ្ឌិតច្បាប់នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាជំនាញច្បាប់សិទ្ធិមនុស្សអន្តរជាតិដែលធ្លាប់បានឃើញអាគារនេះតាំងពី១៤ឆ្នាំមុន បានបង្ហាញអារម្មណ៍សោកស្តាយហាក់មិនចង់អោយមានការបាត់បង់បែបនេះ «ខ្ញុំធ្លាប់ឡើងលើអាគារនេះដំបូងកាលពីឆ្នាំ ២០០៣ វាជាអាគារចាស់ដែលខ្វះការថែទាំ តែមើលទៅប្រជាជនហាក់ពេញចិត្តចំពោះការរស់នៅទីនេះជាជាងផ្លាស់ទៅរស់នៅកន្លែងផ្សេង»។ លោកបន្តទៀតថា «ការបាត់បង់អាគារជាប្រវត្តិសាស្រ្តនេះវាមិនត្រឹមតែធ្វើអោយមនុស្សជំនាន់ក្រោយលែងបានស្គាល់អ្វីដែលស្ថាបត្យករឆ្នើមរបស់គេបានបន្សល់ទុកប៉ុណ្ណោះទេ តែពួកគេទំនងជាលែងមានឆន្ទៈក្នុងការបង្កើតអ្វីថ្មីសម្រាប់មនុស្សជំនាន់ក្រោយតទៅទៀតហើយ ព្រោះគេគិតថាស្នាដៃរបស់មនុស្សជំនាន់មួយនឹងត្រូវបានវាយកំទេចដោយមនុស្សជំនាន់ថ្មីមួយទៀត» ទោះជាដូច្នេះក្តី ក៏និស្សិតរូប នេះមិនបានបដិសេធចំពោះគម្រោងការអភិវឌ្ឍរបស់ក្រុមហ៊ុនជប៉ុនមួយនេះដែរ «យើងចង់ឃើញការអភិវឌ្ឍមួយដែលគោរពសិទ្ធិមនុស្ស សូមផ្តល់សំណងអោយបានសមរម្យចំពោះប្រជាពលរដ្ឋដែលសម្រេចចិត្តចាកចេញ»។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ អាគារចាស់ៗជាច្រើនត្រូវបានវាយកំទេចចោល និង ធ្វើការកែប្រែថ្មី ដោយសារកំណើននៃការអភិវឌ្ឍក្នុងទីក្រុងមានការកើនឡើង។ ក្មេងជំនាន់ក្រោយប្រហែលលែងបានស្គាល់អ្វីដែលជារបស់ខ្មែរទៀតហើយ ព្រោះត្រូវជំនួសដោយអាគារទំនើបរចនាបទថ្មីបែបបរទេស។
អាគារប៊ូឌីង ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានទំហំ ៦៥៣១​ ៦៧ ម៉ែត្រការ៉េ មានកម្ពស់ ៤ជាន់ និងមាន៤៦៨ បន្ទប់ ត្រូវបានកសាងឡើងចន្លោះទសវត្សឆ្នាំ ៥០ និង៦០ ក្នុងសម័យសង្គមរាស្ត្រនិយម ក្នុងរជ្ជកាល ព្រះបាទ នរោត្តមសីហនុ។
អាគារនេះសាងសង់ដោយស្ថាបត្យករខ្មែរនិងបរទេស លោក លូ​​ បានហាប់ និង លោក វ្លាឌីមៀរ បូឌីយ៉ានស្គី (Vladimir Bodiansky) និងដឹកនាំកសាងដោយលោក វណ្ណ មូលីវណ្ណ ដោយសារចំនួនប្រជាពលរដ្ឋដែលមករស់នៅក្នុងរាជធានីភ្នំពេញ មានការកើនឡើងពី ៣៧០,០០០ នាក់ ទៅ ១លាននាក់ ធ្វើឲ្យតម្រូវការលំនៅដ្ឋានមានការកើនឡើង។ អាគារប៊ូឌីង គឺជាលំនៅដ្ឋានទំនើបបែបខ្មែរដំបូងគេ សម្រាប់ពលរដ្ឋដែលមានជីវភាពទាប​ និងមធ្យមក្នុងប្រទេសកម្ពុជា។

Source: Urban Voice Cambodia


No comments:

Post a Comment