បន្ទប់គ្មានសុវត្ថិភាព
វាគួរអោយភ័យខ្លាចណាស់ពេលត្រចៀកយេីងស្តាប់ឮពាក្យគំរាមកំហែងជាប្រចាំ។ ប្រទេសមួយដែលមិនដឹងថាអ្នកណាដាក់ឈ្មោះអោយ "ប្រទេសអច្ឆរិយៈ" នេះ កន្លែងណាក៏យេីងមានអារម្មណ៍ថាខ្វះសុវត្ថិភាពដែរ។
ចិត្តយេីងគ្មានក្តីរំពឹងចំពោះអ្វីគ្រប់យ៉ាងដែលនៅជុំវិញខ្លួន។ លោកបណ្ឌិតកែមឡីធ្លាប់និយាយថាពេលយកបានបេះដូងរាស្ត្រគឺយេីងមានសុវត្ថិភាព តែគាត់ដែលជាអ្នកនិយាយពាក្យនោះត្រូវបានឃាតករបាញ់សម្លាប់នៅកណ្តាលធានីជាបេះដូងនៃប្រទេសដែលមានមនុស្សជាង២លាននាក់កំពុងរស់នៅ។
ការខ្វះទំនុកចិត្តចំពោះសុវត្ថិភាពផ្ទាល់ខ្លួនកេីតឡេីងខ្លាំងបំផុតកាលពីថ្ងៃទី ១០ កក្កដា ឆ្នាំទៅម៉ិញគឺចំថ្ងៃដែលឃាតករបាញ់សម្លាប់អ្នកវិភាគម្នាក់។ ពេលនោះពួកយេីងកំពុងធ្វេីកម្មវិធីដាំដេីមឈេីក្នុងសាលាបឋមសិក្សាមួយនៅកោះធំ។ សកម្មភាពមិនទាន់ចប់ផងព័ត៌មានពីការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី បានឮមកដល់ត្រចៀក។ ពេលនោះចិត្តរីករាយក៏ចាប់ផ្តេីមឡេះឡះ ហេលហាល អារម្មណ៍ធ្វេីស្អីក៏លែងមាន ហេីយហាក់ដូចជាខ្លួនឯងកំពុងស្រមេីស្រមៃ។ ទោះដឹងថាប្រទេសនេះជីវិតមនុស្សម្នាក់មិនត្រូវបានធានាច្បាស់លាស់ក្តី ក៏ភ្លាមៗខ្ញុំមិនទាន់ទុកចិត្តព័ត៌មានហ្នឹងដែរ។
មែនទែនទៅខ្ញុំនិងគាត់មិនមែនជាមនុស្សជិតស្និទ្ធ ឬស្គាល់គ្នាតាំងពីណាពីណីនោះទេ។ យេីងទេីបតែស្គាល់គ្នាក្រោយបោះឆ្នោត ២០១៣ និងធ្លាប់បានជជែកលែងបន្តិចបន្តួចពីរឿងសង្គមតាមដែលនិស្ស័យចូលចិត្ត។
ការបាត់បង់គាត់ធ្វេីអោយខ្ញុំសោកស្តាយផង និងអានិតផង។ ទី១សោកស្តាយបញ្ញវន្តម្នាក់ដែលមានកំផ្លេ ទាំងចំណេះដឹង ទាំងឆន្ទៈ និងឥរិយាបថ ស្តាយទី២គឺយេីងមិនទាន់ស្គាល់គ្នាស្និទ្ធ មានម្តងនោះខ្ញុំចង់ជួបគាត់ដេីម្បីពិភាក្សារឿងធំមួយ។ ឯការអានិតវារឹតតែធំជាងការសោកស្តាយទៅទៀត។ អានិតមនុស្សរឹងប៉ឹង ក្លាហាន មិនចុះចាញ់និងមិនបានសម្រក់ទឹកភ្នែកតាមរបៀបទន់ខ្សោយដេីម្បីបោកយកការស្រលាញ់ពីអ្នកណា។ ក្រុមគ្រួសារកូនប្រពន្ធគាត់ពិតជារងារណាស់ពេលគ្មានប្តីគ្មានឪពុកនៅមេីលថែដូចមុន។
តាំងពីពេលនោះមកខ្ញុំគ្មានជំនឿលេីសុវត្ថិភាពបុគ្គលទៀតទេ នៅពេលណា កន្លែងណា និងទោះនៅជាមួយនរណាក៏ខ្ញុំនៅតែគិតថាសុវត្ថិភាពរបស់យេីងផុយស្រួយណាស់ វាអាចនឹងត្រូវគេគំរាមកំហែង ឬដកហូតបានគ្រប់ពេលវេលា។
មកដល់ថ្ងៃនេះពេលវេលាកន្លងផុតជិត១ឆ្នាំហេីយ ដេីមឈេីដែលយេីងដាំក៏លូតលាស់បណ្តេីរៗដែរ តែនៅនឹកនៅស្រណោះដេីមឈេីធំមួយដេីមដែលគេកាប់គល់ជីកឫសគ្មានថ្ងៃក្រោកឈរឡេីងវិញ។
No comments:
Post a Comment