Wednesday, March 1, 2017

រឿង៖ សាប៊ូវីសូ
មានរឿងនិទានមួយស្តីពីប្រវត្តិស្នេហាស្មោះស្ម័គ្ររបស់គូស្នេហ៍ក្មេងខ្ចីមួយគូដែល ស្រលាញ់គ្នាយ៉ាងប្តូរផ្តាច់តាំងពីនៅរៀនថ្នាក់ទី១១ ។ ខាងស្រីកូនឧកញ៉ាដ៏មាន ទ្រព្យធនស្តុកស្តម្ភម្នាក់នៅទីក្រុងភ្នំពេញ ខាងប្រុសវិញក៏ជាអ្នករស់នៅភ្នំពេញ ដែរតែមានជីវភាពមធ្យម។ ពួកគេបានស្គាល់គ្នានៅថ្នាក់ទី១១នៃវិទ្យាល័យព្រះ ស៊ីសុវត្ថិ។ ប្រុសនោះអាយុ១៧ឆ្នាំ ចំណែកស្រីនោះអាយុទើបតែ១៥ឆ្នាំទេ។
ដោយសារក្តីស្រលាញ់នោះកាន់តែខ្លាំងឡើងៗមិនអាចទ្រាំតទៅទៀតបាន ខាង ស្រីក៏ស្នើឲ្យសង្សារខ្លួនប្រាប់ម៉ែឪឲ្យចូលស្តី ដណ្តឹងនាង។ ខាងប្រុសមិនស្ទាក់ស្ទើរទេ គេបានស្នើរទៅឪពុកម្តាយរបស់ខ្លួនភ្លាមៗ។ ដោយហេតុស្រលាញ់កូនប្រុសតែមួយ នៅក្នុងគ្រួសារ ឪពុកម្តាយគេក៏បានធ្វើតាមសំណូមពរ។ នៅចុងខែវិច្ឆិកា ក្រោយពេលពិធីបុណ្យអុំទូកចប់សព្វគ្រប់ទៅ វេលាល្អដែលគេគិត បានចូលមកដល់។ ឪពុកម្តាយខាងប្រុសបាននាំកូនរបស់ខ្លួនទៅផ្ទះខាងស្រីដើម្បី សាកសួរបើកផ្លូវ ។ ពិធីទទួលស្វាគមន៍ត្រូវបានធ្វើតាមបែបសុជីវធម៌សម្រាប់ភ្ញៀវ និងមានពិធីការតិចតួចបំផុត។ គួរឲ្យសោកស្តាយ ឪពុកម្តាយខាងស្រីបានបដិសេធ ពីរឿងរៀបការកូនដោយនិយាយថា កូនគាត់នៅក្មេងពេក អាយុទើបតែ១៥ឆ្នាំមិន ទាន់អាចធ្វើជាប្រពន្ធ និង ជាម្តាយគេបាននៅឡើយទេ។ តែគ្រួសារខាងស្រីប្រាប់ថា មេចៗចាំកូនគាត់រៀនចប់មហាវិទ្យាល័យសិន យើងអាចគិតគូរគ្នាពេលក្រោយទៀត។ ការពិតទៅ នេះគ្រាន់តែជាលេសប៉ុណ្ណោះ ព្រោះឪពុកម្តាយខាងស្រីបានដឹងថាជីវភាព ខាងប្រុសក្រជាងខ្លួនពេក ដូចមេឃនិងដី។
ដោយខកបំណង ពួកគេទាំងពីរក៏បានសម្រេចចិត្តនាំគ្នារត់ចេញពីផ្ទះដោយយក ទៅជាមួយនូវលុយជាប់ខ្លនតែបន្តិចបន្តួច និងម៉ូតូម៉ាក Step មួយគ្រឿង និងគ្រឿង អលង្កានៅជាប់នឹងខ្លួននាងមួយចំនួនផង។ គេទាំងពីរនាក់បានផ្សងព្រេងទៅរស់នៅ ខេត្តឆ្ងាយមួយ ហើយបានជួលផ្ទះសំណាក់នៅរយ:ពេល៣ខែ។ ក្នុងមួយខែគឺត្រូវ ចំណាយអស់ ២៥០ ដុល្លា សរុបទៅ ៣ខែនោះគ្រាន់តែចំណាយទៅលើផ្ទះសំណាក់គឺអស់ ៧៥០ដុល្លា ហើយគេត្រូវចំណាយទៅលើការហូបចុក និងការចាយវាយផ្សេងៗ មួយចំនួនទៀត។ លុយដែលត្រូវចំណាយទាំងប៉ុន្មាននោះគឺជាលុយលក់គ្រឿង អលង្ការជាចុងក្រោយរបស់នាង។ មិនយូរប៉ុន្មាន ប្តីប្រពន្ធទាំងពីរ ចាប់ផ្តើមអស់លុយ រលីងពីខ្លួន ហើយក៏មិនទាន់មានមុខរបរអ្វីសម្រាប់ធ្វើដែរ។ បន្ទាប់ពីលុយទាំងប៉ុន្មាន ត្រូវបានចាយវាយអស់ ដើម្បីដោះស្រាយបញ្ហាកំពុងប្រឈម គេទាំងពីរបានសម្រេច ចិត្តលក់ម៉ូតូ Step បានលុយ៨០០ដុល្លា ហើយយកលុយទៅទិញម៉ូតូសង់ការ៉េមួយ គ្រឿងតម្លៃ ៦០០ ដុល្លាទុកសម្រាប់រត់ឌុប។
ពួកគេបានចាកចេញពីផ្ទះសំណាក់ ហើយបានទៅជួលបន្ទប់ជួលតូចមួយនៅ ជាយក្រុងដែលមានតម្លៃត្រឹម តែ១៥ដុល្លាក្នុងមួយខែ។ បើទុកជាផ្ទះជួលតម្លៃថោក ក៏គេទាំងពីរនៅតែព្រួយបារម្ភពីជីវិតសម្រាប់ថ្ងៃស្អែក..ថ្ងៃស្អែកមួយ ..ថ្ងៃស្អែកមួយទៀត និងថ្ងៃជាបន្តបន្ទាប់។ រាល់ព្រឹក ប្តីបានចេញទៅរត់ឌុបដោយទុកឲ្យប្រពន្ធ នៅផ្ទះមិន ឲ្យនាងធ្វើការអ្វីទេ ព្រោះប្តីមិនចង់ឲ្យនាងលំបាក ណាមួយនាងមិនធ្លាប់នឿយតាំងពីតូច មកផង។ ពួកគេទាំងពីររស់នៅផ្ទះជួលដ៏តូចនោះប្រៀបដូចលលកញីឈ្មោល គេទាំង ពីរស្រលាញ់គ្នាណាស់ មានសុភមង្គលណាស់។
ដោយនៅតែផ្ទះមិនធ្វើអ្វីសោះនោះ នាងជាប្រពន្ធចាប់ផ្តើមរៀនចាក់កន្សែងដោយ ខ្លួនឯង នាងចាក់រាល់ថ្ងៃ រហូតស្ទាត់អាចចាក់បានយ៉ាងស្អាតបំផុត។ ពេលនាងមានផ្ទៃ ពោះបាន៥ខែ នៅថ្ងៃមួយនោះប្តីបានចេញទៅរត់ម៉ូតូដូចសព្វដង។ ពេលកំពុងធាក់ម៉ូតូ ប្រពន្ធក៏បានស្រែកឃាត់ប្តីឲ្យឈប់សិន ហើយក៏ប្រគល់កន្សែងដែលខ្លួនចាក់បានយ៉ាង ស្អាតនោះទៅឲ្យប្តីដោយផ្តាំថា... "សូមបងរក្សាកន្សែងនេះ ឲ្យនៅជាប់ខ្លួន ព្រោះពេលបង ចេញទៅរត់ម៉ូតូបើបងនឹកអូន បងមើលកន្សែងនេះក៏ដូចបានឃើញអូនដែរ"... គេចាប់ កាន់កន្សែងយ៉ាងណែនមុននឹងដាក់ចូលទៅក្នុងហោប៉ៅ ហើយបើកម៉ូតូចេញទៅ។ នៅ ក្នុងចិត្តគេៗសែនអាឡោះអាល័យនិងអាណិតប្រពន្ធយ៉ាងខ្លាំង។ ជាទម្លាប់រាល់ព្រឹក នាងតែងឈរមើលពេលប្តីបើកម៉ូតូចេញទៅរហូតផុតកន្ទុយ ភ្នែកទើបនាងចូលទៅក្នុងផ្ទះ ព្រឹកនេះក៏នាងនៅប្រកាន់ទម្លាប់ដូចរាល់ដងដែរ ហើយថែម ទាំងមានអារម្មណ៍ព្រួយក្នុងចិត្តយ៉ាងចម្លែកហាក់ដូចជាមានប្រផ្នូលអ្វីមួយមិនល្អនឹងកើត ឡើង។
មិនដឹងជាចៃដន្យអាក្រក់អី ពេលគេកំពុងបើកម៉ូតូមានឡានដឹកទំនិញមួយយ៉ាងធំ បើកវ៉ាគ្នាហើយក៏ជ្រុលចង្កូតមកបុកម៉ូតូរបស់គេយ៉ាងពេញទំហឹង។ ពេលបានទទួល ដំណឹងដ៏រន្ធត់នេះភ្លាម នាងប្រពន្ធបានប្រញ៉ាប់ប្រញ៉ាលធ្វើដំណើរមកកន្លែងគ្រោះ ថ្នាក់ចរាចរណ៍ តែប្តីរបស់នាងបានស្លាប់បាត់ទៅហើយ ម៉ូតូក៏ខ្ទេចខ្ទីរអស់ ហើយសាក សពក៏ខ្ទេចនៅសល់តែសាច់ជាដុំៗប៉ុណ្ណោះ។ នាងបានដើររើសសាច់ដែលនៅសេស សល់ខ្ចប់ទុកធ្វើបុណ្យ ហើយក៏ប្រទះឃើញកន្សែងដែលនាងបានឲ្យប្តីកាលពីព្រឹកប្រ ឡាក់សុទ្ធតែឈាម។ នាងបានយកវាទុកជាប់នឹងខ្លួន និងបានទូរសព្ទប្រាប់ក្រុមគ្រួសារ ទាំងសងខាងឲ្យបានដឹងពីដំណឹងអកុសល នេះ។
ពិធីបុណ្យសពបានបញ្ចប់ទៅ ហើយក៏បានរៀបចំធ្វើបុណ្យ៧ថ្ងៃជាបន្ទាប់។ វាជារឿង ចម្លែកណាស់ មិនគួរឲ្យជឿទាល់តែសោះថានៅយប់ថ្ងៃចុងក្រោយនៃបុណ្យ៧ថ្ងៃនោះ ទាំង ឪពុកម្តាយបង្កើត ទាំងឪពុកម្តាយក្មេករបស់នាងសុទ្ធតែយល់សប្តិ៍ឃើញដូចគ្នាថា មានព្រ លឹងខ្មោចមួយមកប្រាប់ពួកគេថាត្រូវឲ្យកូនស្រីនោះបោះកន្សែងប្រឡាក់ឈាមនោះចោល ទៅ បើមិនដូច្នោះទេ នៅយប់ចុងក្រោយនៃបុណ្យគម្រប់ខួប ១០០ថ្ងៃ គឺនៅវេលាម៉ោង១២ គត់ នឹងមានខ្មោចតៃហោងមកកាច់នាងឲ្យស្លាប់។
ចាស់ទុំទាំងបួននាក់បានពិភាក្សាគ្នាពីរឿងនេះតែគ្នាឯងទេ ដោយលាក់មិនឲ្យនាងដឹង ឡើយ ម៉្យាងព្រោះ ពួកគាត់ដឹងថានាងស្រលាញ់កន្សែងនេះណាស់ នាងនឹងមិនព្រមបោះ បង់វាជាដាច់ខាត ម៉្យាងទៀតពេល វេលាក៏នៅច្រើនដែរ គឺ៣ខែទៀតឯណោះ។ ៣ខែ ក្រោយមកក៏ដល់ថ្ងៃដែលត្រូវធ្វើបុណ្យ១០០ថ្ងៃ។ ផ្ទៃពោះ របស់នាងក៏កាន់តែធំជិតតែនឹង គ្រប់ខែដែរ។ និយាយពីឪពុកម្តាយនាងដែលបានដឹងពីរឿងនៅក្នុងយល់ សប្តិ៍កាលពី បុណ្យ៧ថ្ងៃនោះ មានក្តីបារម្ភកាន់តែទ្វេឡើង ហើយក៏មិនដឹងថាគួរនិយាយប្រាប់កូន ដូចម្តេច។
នៅវេលាម៉ោងជាង១១យប់ នៃថ្ងៃបញ្ចប់ពិធីបុណ្យគឺនៅសល់មិនដល់១ម៉ោងផងទេ ដែលអ្វីៗនឹងត្រូវមកដល់ ។ ម្តាយនាង មិនអាចទ្រាំលាក់តទៅទៀតបាន ក៏ប្រាប់កូនស្រី ពីដំណើររឿងនៅក្នុងយល់សប្តិ៍ ហើយបានប្រាប់ឲ្យកូនបោះកន្សែងប្រឡាក់ឈាមនោះ ចោល។ កូនស្រីបានស្តាប់សម្តីម្តាយហើយក៏ក្នុងចិត្តសែនឈឺ ចាប់ណាស់ដែលម្តាយ និយាយដូច្នេះហាក់ដូចគេយកកាំបិតមកចាក់ចំបេះដូងរបស់នាងអញ្ចឹង។ នាងបាន គំរាមម្តាយថាបើនៅតែបង្ខំនាងឲ្យបោះកន្សែងនោះចោលទៀត នាងនឹងយកកាំបិតចាក់ សម្លាប់ខ្លួននិងកូនក្នុងផ្ទៃចោល។ ដូចមានអ្នករៀបចំទុកអញ្ចឹង គឺនៅបន្ទប់ជាន់ក្រោម នោះមានកូនកាំបិតមួយដែលគេទុកនៅលើតុ ហើយវានៅជិតដៃនាងស្រាប់ នាងក៏យក កាំបិតនោះមកកាន់នៅក្នុងដៃ វាហាក់ដូចជាសម្ពាធទៅលើម្តាយដែលនៅនឹងមុខ និងជា ការបង្ហាញនូវទឹកចិត្តភក្តីរបស់នាងចំពោះប្តីដែលបានស្លាប់បាត់បង់ជីវិតទៅហើយ។
ខ្វះ១០នាទីទៀតម៉ោង ១២... ដោយអស់កម្លាំងកាលពីថ្ងៃ នាងបានឡើងទៅលើផ្ទះ ដើម្បីគេង។ នៅក្នុងចិត្តម្តាយរបស់នាងពេលវេលា១០នាទីលើកនេះដើរលឿនជាងលើក មុនឆ្ងាយណាស់ និងលឿនខុសពីសព្វដង ។ គាត់សួរខ្លួនឯងថា..តើបេះដូងគាត់ដើរលឿន ឬម៉ោងដើរលឿន? គាត់ឈរមើលកូនស្រីឡើងរហូតដល់ បន្ទប់ និងរហូតដល់នាងទាញ ទ្វារបិទឮសូរក្រាក... សំលេងទ្វារបិទក៏ជាសម្ពាធថ្មីមួយទៀតនិងធ្ងន់ជាងមុន សម្រាប់ ម្តាយម្នាក់ដែលជឿថាបន្តិចទៀតនេះគឺនឹងមានអ្វីកើតឡើងចំពោះកូនស្រីជាទីស្រលាញ់ របស់ខ្លួន។
នៅសល់តែ៥នាទីទៀតទេគឺម៉ោង១២យប់ហើយ... តាមធម្មតានៅពេលយប់មុន ចូលគេង គេតែងបិទបង្អួច ដើម្បីបង្ការរឿងអាក្រក់ដូចជាចោរកម្មជាដើមកើតឡើង នាពេលយប់។ នាងបានចាប់ទាញបង្អួចបិទថ្នមៗ ដោយឆ្លៀតចោលភ្នែកពិនិត្យមើលទៅ ក្នុងភាពងងឹតដែលហ៊ុំព័ទ្ធជុំវិញបរិវេណផ្ទះនាងនិងដែលនាងអាចមើលឃើញតាមចន្លោះ បង្អួចនោះ។ ខណ:នោះ.....ស្រាប់តែ...រូបរាងរបស់លោកយាយចាស់ម្នាក់ដែលមាន មុខខៀវ ដូចស្លែកំពុងដើរបណ្តែតខ្លួនមករកនាងហាក់ដូចជារូបវេទមន្ត។ យាយចាស់បានដើរតាម អាកាសមករកនាង..កាន់តែជិតឡើងៗរហូតមកទល់មុខគ្នាមិនដល់១ម៉ែត្រផង...។ តែ នាងមិនបានតក់ស្លុតអ្វីទេ ..យាយចាស់នោះបាននិយាយជាមួយនាងថា.."ចៅស្រីសូម ចៅបោះកន្សែងប្រឡាក់ឈាមនេះចោលទៅ បើមិនដូច្នោះទេចៅនឹងត្រូវស្លាប់"...និយាយ បានប៉ុណ្ណឹងលោកយាយចាស់នោះក៏បែរទៅក្រោយបន្តិច ហើយបានលើកម្រាមដៃចង្អុល ទៅកាន់ភ្លើងក្រហមស្ទុងៗដែលអាចមើលឃើញពីចម្ងាយ.."ចៅមើលហ្ន...ព្រលឹង ខ្មោច តៃហោងវាកំពុងតែដើរមករកចៅហើយ"...
នាងបានឆ្លើយប្រាប់ដូនចាស់នោះនូវពាក្យដដែលៗនាងបាននិយាយជាមួយម្តាយនាង អម្បាញ់មិញនេះដែរ ហើយនាងបានបញ្ជាក់ប្រាប់ថា.."មិនថាមានរឿងអ្វីកើតឡើងទេ ខ្ញុំ នឹងមិនបោះកន្សែងនេះចោលជាដាច់ខាត ព្រោះវាជាកន្សែងអនុស្សាវរីយ៍របស់ខ្ញុំនិងប្តី... ខ្ញុំនិងកូនក្នុងពោះទោះបីជាត្រូវស្លាប់ទាំងពីរនាក់នៅពេលនេះក៏មិនបោះកន្សែងនេះចោល ដែរ"... នាងបាននិយាយដោយបង្ហាញពីភាពប្តូរផ្តាច់បំផុត។ យាយចាស់នោះបានស្តាប់នាងនិយាយចប់ហើយក៏តបថា.."បើចៅស្រលាញ់និងមានចិត្តស្មោះចំពោះប្តីយ៉ាងនេះ យាយក៏ មិនដឹងថាត្រូវឃាត់ចៅដូចម្តេចទៀតដែរ"។ ពេលរូបយាយចាស់កំពុងនិយាយ គាត់និង នាងក៏មើលឃើញភ្លើងក្រហមនោះសរសៀរមកកាន់តែកៀកមែនទែនហើយ យាយចាស់ឈប់បន្តិច..រួចគាត់ក៏បន្ត .."អ៊ីចឹង ចាំយាយរកនឹកមើលថាតើត្រូវជួយចៅដោយវិធីណា?" គាត់ ឈប់ម្តងទៀតហាក់ដូចកំពុងរកនឹក ..ហើយ...ហើយក៏.. "នេះណែ! សាប៊ូវីសូ!!!.."
២៣ វិច្ឆិកា ២០១៣ ម៉ៅ វាសនា

No comments:

Post a Comment