៣១ ធ្នូ ២០១៧ ជារាត្រីដែលមិនអាចបំភ្លេចបាន ខ្ញុំគិតថារឿងបែបនេះមិនរលប់ពីការចង
ចាំទេក្នុងមួយជីវិតនេះ។ ខ្ញុំបានចំណាយពេលពេញមួយយប់នោះគេងនៅលើភ្នំបូកគោក្នុង
វិហារតូចចំណាស់ដែលកសាងតាំងពីសម័យអាណានិគមន៍បារាំង (១៩២៤)។ ពេលទៅដល់យើង
បានចូលទៅថ្វាយបង្គុំព្រះគ្រូចៅអធិការវត្តដែលមានព្រះភក្រ្តរួសរាយរាក់ទាក់ មានស្នាមញញឹម ព្រះអង្គបានសម្តែងសមានចិត្ត តែមិនបានសួរនាំពួកយើងច្រើនទេ សូម្បីលិខិតស្នាមបញ្ជាក់អត្ត
សញ្ញាណក៏ព្រះអង្គមិនបានសួរនាំផង។
លោកគ្រូចៅអធិការបានប្រាប់សាមណេរមួយអង្គអោយនាំយើងទៅវិហារជាកន្លែងដែល
ពួកយើងត្រូវបានទទួលអោយសម្រាកមួយយប់។ លោកបានកាន់ទៅជាមួយនូវភួយ និងខ្នើយសម្រាប់មនុស្សពីរនាក់។ ពេលទៅដល់វិហារខ្ញុំបានថ្វាយបង្គុំព្រះពុទ្ធបដិមា និងរំលឹកនឹកគុណ
ព្រះអង្គដូចពុទ្ធសាសនិកដទៃធ្លាប់ធ្វើកន្លងមកដែរ។ មុនស្បៃងងឹតធ្លាក់ពីលើអាកាស យើង បានឈរសំលឹងយ៉ាងស្រងេះស្រងោចទៅកាន់កោះត្រល់។ កាលពីជាងសាមសិបឆ្នាំមុន កោះត្រល់
នៅកាន់កាប់ដោយខ្មែរនៅឡើយ តែក្រោយថ្ងៃកងទ័ពវៀតណាមវាយកាន់កាប់ប្រទេសកម្ពុជា
កាលពីឆ្នាំ១៩៧៩ កោះដ៏ធំជិតប៉ុនប្រទេសសាំងហ្កាពួរនេះត្រូវបានវៀតណាមយកជាស្ថាពរ។
គិតពិរឿងកោះស្រណោះឯខ្លួន ខ្ញុំបានចោទសួរខ្លួនឯងថាតើមួយជីវិតនេះក្រៅពីឃ្លាតឆ្ងាយ
ពីគ្រួសារតាំងពីតូច ក្រៅពីបាត់បង់មនុស្សជាទីស្រលាញ់ តើខ្ញុំត្រូវបន្តបាត់បង់អ្វីទៀត?
សាច់ញាតិដែលឃ្លាតឆ្ងាយគង់ជួបគ្នាវិញថ្ងៃណាមួយ តែទឹកដីដែលបាត់បង់ទៅ ពិបាកនឹង
ត្រលប់មកវិញលើសហ្នឹងរាប់ពាន់ដង...នេះជាភាពអស់សង្ឃឹមមួយ។
ខ្យល់ត្រជាក់បក់មកដូចព្យុះ ខាងក្នុងវិហារស្ងប់ស្ងាត់ ឬតែសំលេងខ្យល់នៅខាងក្រៅ។ រហូត
ដល់ម៉ោងជិត៨យប់ទើបសំឡេងតន្រ្តីនៅពីមុខកាស៊ីណូប្រគុំឡើង។ ឮតែពិធីករនិយាយ
ផ្លាស់វេនគ្នា យើងឯណេះស្តាប់មិនបានសោះថាអ្នកចម្រៀងណាខ្លះដែលត្រូវបានអញ្ជើញឲ្យ
មកច្រៀងកំដរទស្សនិកជននារាត្រីឆ្លងឆ្នាំដ៏ត្រជាក់នេះ។
ក្នុងវិហារមានកន្ទេលជ័រតូចៗពីរ វារាងចាស់បន្តិចហើយ កូននេនតូចដែលជូនយើងមក
មុននេះក៏បានត្រលប់មកម្តងទៀតជាមួយនឹងកម្រាលពូកមួយធំល្មមសម្រាប់មនុស្សពីរ
នាក់។
ដើម្បីបង្ការភាពរងារ យើងបានទាញទ្វារបិទ តែមិនមែនងាយស្រួលទេខ្យល់ខ្លាំងណាស់ សូម្បី
តែបិទទ្វារក៏ពិបាកដែរ ម៉្យាងទៀតគឺទ្វារមិនមានគន្លឹះឡើយ ហេតុនេះយើងត្រូវចងខ្សែរដោ
យរឹតយ៉ាងខ្លាំងទម្រាំតែអាចទប់ទល់នឹងកម្លាំងខ្យល់។ ខ្ញុំអង្គយអានរឿងលីលាវតីដែលខ្ញុំបាន
ដោនឡូតដាក់នៅលើអាយផេត។ យូរៗម្តងឮសំរិបជើងដើរឡើងតាមកាំជណ្តើរនិងសូរមាត់
មនុស្ស និងសំលេងគោះទ្វារ។ ដោយសារតែយប់ឆ្លងឆ្នាំជាថ្ងៃសម្រាកលម្ហែរយ:ពេលខ្លី ម្នុសម្នាបានយកភ្នំបូកគោជាគោលដៅទេសចរណ៍។ សណ្ឋាគារពេញណែនដូចកន្តំហូរហៀរចេញមក
ក្រៅតាមផ្លូវតាមច្រកដែលពួកគេក្រាលកន្ទេលឬបោះតង់គេងយ៉ាងរំភើយ។ ទោះយ៉ាងណា
គេគ្រប់គ្នាសុទ្ធតែទទួលស្គាល់ថាធាតុអាកាសជាង១០អង្សានៅលើភ្នំគឺពិតជាពិបាកទ្រាំណាស់
សម្រាប់ប្រជាជននៅតំបន់ត្រូពិក។
រហូតម៉ោង ១២ គត់ស្នូរកាំជ្រួចផ្ទះឡើងប្រណាំងជាមួយសំលេងខ្យល់នៅខាងក្រៅ។ វាហាក់ដូចយក្ស
សម្តែងឬទ្ធិនៅលើកំពូលភ្នំទឹកកក។ ខ្ញុំអង្គយឆែកសារជូនពរដែលមិត្តភក្តិផ្ញើមកក្នុងចន្លោះប៉ុន្មាន នាទីនោះ។ ម៉ោងជាង១យប់នៅខ្វះប្រហែលជា២០ទំព័រទៀតខ្ញុំនឹងបញ្ចប់រឿងដ៏ជក់ចិត្ត តែត្របក
ភ្នែកទន់ណាស់ទៅហើយ ខ្ញុំបានបិទកុងតាក់ ទុកតែភ្លើងទៀនពីរដើមនៅពីមុខព្រះពុទ្ធបដិមា
ហើយប្រាស់ខ្លួនគេង។ សំលេងខ្យល់បក់នៅតែខ្លាំង ឯការប្រគុំតន្រ្តីក៏បានបញ្ចប់។ រាត្រីដ៏រងារ
នោះក៏បានបញ្ចប់នៅពេលខ្ញុំបើកភ្នែកម្តងទៀត ថ្ងៃថ្មីបានចូលមកដល់ជាមួយនឹងពន្លឺព្រះអាទិត្យ
ពីទិសបូព៌ នាំទាំងកម្តៅដែលយើងសែនត្រូវការមកជាមួយផង..។ លាហើយបូកគោ! លាហើយរាត្រី
ដែលមិនអាចបំភ្លេចបាន បែកគ្នាលើកនេះមិនដឹងថ្ងៃណាជួបគ្នាទៀតទេ..។