លោកពូ លីស លឹម ជាជនពិការម្នាក់ហេីយក៏ជាបុគ្គលិកម្នាក់របស់កាសែត ខេមបូឌាដេលី ផងដែរ។ ជាងម្ភៃឆ្នាំហេីយដែលគាត់បានបម្រេីការនៅទីនេះក្នុងនាមជាសន្តិសុខមេីលការខុសត្រូវអ្នកចេញចូល និងយាមម៉ូតូ។ ជារៀងរាល់ព្រឹកគាត់តែងឈរបិទអត្ថបទសារព័ត៌មានរបស់កាសែតឌឹខេមបូឌាដេលីទាំងស្រុងនៅលេីបន្ទះក្តារព័ត៌មានមុខច្រកចូល។ ជាងម្ភៃឆ្នាំមកនេះគាត់មានភាពកក់ក្តៅជាមួយការងារ ទោះបីប្រាក់ខែមិនច្រេីនក្តី តែល្មមអាចរស់នៅដោយសមរម្យ។ កន្លងមកគាត់ក៏ធ្លាប់ខ្ចីលុយធនាគារខ្លះដេីម្បីទុកជាទុនរកស៊ី គាត់ពិការក៏ពិតមែនតែគាត់មានប្រាក់ខែសម្រាប់ទូទាត់សងការប្រាក់ ពេលចេញពីធ្វេីការពូតែងឆ្លៀតរត់កង់បីគ្រាន់បានចំណូលបន្ថែម។ មិនមានមនុស្សច្រេីនទេដែលចង់ជិះកង់បីរបស់គាត់។ មិនមែនពួកគេគ្មានប្រាក់អោយថ្លៃកង់បីរបស់បុរសកម្សត់នេះទេ តែមកពីគេឃេីញគាត់ពិការជេីង។ គាត់បានត្អូញត្អែរពីរឿងនេះនិងបានហៅថាវាជាការរេីសអេីង។ គាត់បានបន្តថាបេីកាសែតខេមបូឌាដេលីត្រូវបានរដ្ឋាភិបាលបិទ គឺគាត់នឹងក្លាយជាជនរងគ្រោះមុនគេ ពិការភាពរបស់គាត់ជាឧបសគ្គធំទីមួយដែលកន្លែងការងារផ្សេងកម្រនឹងទទួលយក បូកផ្សំនឹងវ័យកាន់តែចាស់ហេីយរៀនសូត្របានតិចផងនោះលំហការងារកាន់តែរួមតូចទៅ។ រដ្ឋាភិបាលបានដកដាវយ៉ាងមុតចាក់ខេមបូឌាដេលី តែផ្លែដាវនោះបានសម្លាប់សន្តិសុខយាមទ្វារម្នាក់នេះទៅវិញ។
ក្នុងទឹកមុខស្ទេីរស្មេីស្ទេីរយំ គាត់បានថ្លែងសេចក្តីដឹងគុណចំពោះកាសែតខេមបូឌាដេលីដែលបានផ្តល់កន្លែងការងារមួយដ៏កក់ក្តៅអោយគាត់ជាងម្ភៃឆ្នាំកន្លងមកដោយគ្មានរេីសអើង។ កាសែតនេះមិនគិតពីប្រាក់ចំណេញ ហេីយធ្លាប់បានបរិច្ចាគធ្វេីសាលារៀនជាច្រេីនក្នុងទឹកប្រាក់រាប់លានដុល្លាដេីម្បីជួយកូនខ្មែរអោយមានកន្លែងរៀនសូត្រ។
ឥលូវរឿងល្អៗបានកន្លងផុត សេចក្តីសង្ឃឹមចាប់ផ្តេីមរុះរោយដូចជាផ្កាត្រូវភ្លេីងឆេះ មិនដឹងថាថ្ងៃណានឹងត្រលប់មកវិញ ឬចង់អោយជនពិការម្នាក់តាមស្វែងរកវាទាំងមិនដឹងថាសេចក្តីសង្ឃឹមនោះកំពុងលាក់ខ្លួនយ៉ាងជ្រៅក្នុងរូងងឹតណាមួយក្នុងចំណោមរូងដ៏ច្រេីនរាប់មិនអស់។
លោកពូ លីស លឹម ឈរបិទអត្ថបទកាសែតខេមបូឌាដេលី នៅមុខក្តារបន្ទះព័ត៌មាន
No comments:
Post a Comment