ខ្ញុំបានសួរខ្លួនឯងជាច្រើនដងតាំងពីព្រឹក ខ្ញុំមិនបានទទួលចម្លើយពីខួរក្បាលដ៏ស្ពឹកស្រពន់
នេះសោះ ខួរស្វាខ្ញុំដិតជាប់ជាមួយការព្រួយបារម្ភស្ទើរគ្រប់ដង្ហើម ការបារម្ភចំពោះអនាគត
មិនច្បាស់លាស់របស់មាតុភូមិខ្ញុំ ហើយដែលនេះក៏នឹងកំណត់នូវព្រំដែនសុភមង្គលរបស់ក្រុម
គ្រួសារខ្ញុំដែរ។ ម្សិលម៉ិញ ពេលធ្វើដំណើរពីកំពង់ចាមមកភ្នំពេញ នៅតាមផ្លូវជាប់រហូត ខ្ញុំជា
មួយបងអូនីបានជជែកគ្នាជាច្រើនពីការវិវត្តរបស់កម្ពុជាមកដល់ថ្ងៃនេះ ភ្ជាប់ជាមួយក្តីបារម្ភ
ចំពោះថ្ងៃស្អែក តើកម្ពុជានឹងមានវាសនាអាក្រក់ដូចចំប៉ាដែរឬទេ? ដូចកម្ពុជាក្រោមទេ?
ដូចឡាវទេ?
ក្តីបាម្ភនេះ វាបានលងបន្លាចខ្ញុំជារៀងរាល់ថ្ងៃ សូម្បីតែយល់សប្តិ៍ក៏ខ្ញុំឃើញវាហោះហើរក្បែរៗ
ខ្លួនខ្ញុំដែរ។ តិចនេះជាជំងឺផ្លូវចិត្តកម្រិតស្រាល ឬជាការចាប់ផ្តើមនៃជំងឺសសៃប្រសាទទេ
ដឹង? ហេតុអ្វីក៏ខ្ញុំព្រួយចិត្តម្លេះ ប្រទេសនេះមិនមែនជាកម្មសិទ្ធិរបស់ខ្ញុំតែម្នាក់ទេ វាជា
ចំណែករបស់ខ្មែរជាង១០លាននាក់ផ្សេងទៀតដែលគេកំពុងរស់នៅក្នុងស្ថានភាពប្រសើរ
ជាងខ្ញុំផង។ ខ្ញុំបានបន្ទោសខ្លួនឯងថា ឯងមិនត្រូវមានគំនិតខ្មៅកខ្វក់របៀបនេះទេ
ទោះគេមិនគិត តែឯងមិនអាចមិនគិតបានទេ គ្រោះថ្នាក់នៃប្រទេសជាតិមិនត្រឹមតែ
ធ្វើអោយឯងបាត់បង់អ្វីៗគ្រប់យ៉ាងនោះទេ តែក៏នឹងធ្វើអោយឯងដេកស្លាប់ជាមួយ
វិប្បដិសារីដ៏ធ្ងន់កន្ឌុកសង្កត់លើផ្នូរកូនខ្មែរម្នាក់ដូចជារូបឯង។
ខ្ញុំតែងស្រមៃក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អបំផុតម្នាក់នៅប្រទេសដ៏កម្សត់នេះ តែមហិច្ឆិតា
ធំធេងលើសមាឌរបៀបនេះ វាប្រហែលជាត្រូវរលាយលឿនរហ័សបំផុតបើខ្ញុំមិនមានការ
តាំងចិត្តមុតមាំ ហើយនៅស្ងៀមមិនធ្វើសកម្មភាពអ្វីសោះ។ អ្នកមើលស្លឹកឈើមួយសន្លឹក
នេះទៅមើល អ្នកមើលឃើញសម្រស់ខៀវខ្ចី តែមិនទំនងមើលធ្លុះភាពស្រពោនស្លោកដែល
កំពុងលែបត្របាក់ភាពបៃតងខ្ចី។ កម្ពុជាពេលនេះប្រៀបដូចស្លឹកឈើបៃតងខ្ចីសម្បក
ក្រៅដែលអ្នកកំពុងឃើញក្នុងរូបនេះអ៊ីចឹង៕
No comments:
Post a Comment